រឿងកាន់តែធំហើយ!! សម្តេចតេជោ ហ៊ុន សែន ប្រកាសកម្ទេចក្រុមប្រឆាំង បើអឺរ៉ុបដាក់ទណ្ឌកម្មលើកម្ពុជា (មានវីដេអូ)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់កម្ពុជា បានប្រកាសចាត់ការកាន់តែធ្ងន់ធ្ងរ នោះគឺនឹងកម្ទេចចំពោះក្រុមប្រឆាំងដែលជាអតីតថ្នាក់ដឹកនាំ សមាជិក សមាជិករបស់អតីតគណបក្សសង្គ្រោះជាតិ ប្រសិនបើសហគមន៍អឺរ៉ុបសម្រេចដាក់ទណ្ឌកម្មលើកម្ពុជា តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជា។

ពីលើវេទិកាបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ចំខួប៣៤ឆ្នាំ នៃការកាន់កាប់តំណែងជានាយករដ្ឋមន្ត្រីនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានធ្ងន់ៗ ក្នុងការចាត់វិធានការតបតទៅនឹងសហគមន៍អឺរ៉ុបប្រសិនបើពួកគេសម្រេចដាក់ទណ្ឌកម្ម ដោយដកប្រពន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជានោះ។

ការតបតរបស់សម្តេចតេជោ ហ៊ុន សែន គឺការចាត់វិធានការកាន់តែធ្ងន់ធ្ងរទៅលើក្រុមបក្សប្រឆាំង ដែលសម្តៅដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាអតីតគណបក្សសង្គ្រោះជាតិ។ តែទោះជាយ៉ាងណាសម្តេចតេជោ នៅតែប្រកាសពីការបើកផ្លូវនៅក្នុងការចរចាជាមួយសហគមន៍អឺរ៉ុបទៅលើបញ្ហាទាំងឡាយ ដោយការជជែកគ្នាកែលំអរសភាពការណ៍នៅកម្ពុជា ឈរលើស្មារតីស្មើភាព និងគោរពឯករាជ អធិបតេយ្យភាពគ្នាទៅវិញទៅមក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «បើចង់ឲ្យពួកប្រឆាំងងាប់អាហ្នឹងកាត់ទៅ បើចង់ឲ្យពួកប្រឆាំងរស់អាហ្នឹងកុំធ្វើទៅ មកជជែកគ្នា ពិភាក្សាគ្នា កែលំអរសភាពការណ៍ជាមួយគ្នា បន្តទៅមុខជាមួយគ្នា ក្នុងភាពជាដៃគូស្មើភាព លើការគោរពឯករាជ និងអធិបតេយ្យ។ អ៊ីចឹងគេរង់ចាំជំហានរបស់យើង យើងក៏រង់ចាំជំហានរបស់គេដើរដែរ ហើយសុំកុំយកកម្ពុជាធ្វើជាប្រធានបទ នៃការឃោសនារកសំឡេងឆ្នោតក្នុងការបោះឆ្នោតសភាអឺរ៉ុប។ សូមផ្តាំងទៅអ្នកតំណាងរាស្ត្រនៃសភាអឺរ៉ុប សូមកុំយករឿងកម្ពុជាធ្វើជាប្រធានសម្រាប់ការឃោសនា ដើម្បីការជាប់ឆ្នោតជាសមាជិក សភាអឺរ៉ុបជាបន្តទៀត។ ធ្វើយ៉ាងដូច្នេះ គ្រាន់តែចំណេញអ្នកឯង ក៏ប៉ុន្តែបរិវាររបស់អ្នកឯងនៅកម្ពុជា នឹងទទួលភាពខ្ទេចខ្ទាំ បាក់ឆ្អឹងខ្នង។ រឿងអីដែលយើងត្រូវទុក ហើយអ្នកឯងក៏អត់មានសិទ្ធិអីត្រូវមកនិយាយជាមួយខ្ញុំ បន្តទៅទៀតដែរ ទំនាក់ទំនងធម្មតា រដ្ឋ និងរដ្ឋទំនាក់ទំនងធម្មតា។ ប្លុកអាស៊ាន និងប្លុកសហភាពអឺរ៉ុបបន្តចរចាកិច្ចព្រមព្រៀង តំបន់ពាណិជ្ជកម្មសេរីនៅតែបន្តធ្វើ»

ជាមួយនឹងការព្រមានកម្ចាត់ក្រុមបក្សប្រឆាំង ដែលសម្តេចតេជោហៅថា ជាបរិវាររបស់សហគមន៍អឺរ៉ុបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅអឺរ៉ុបផងដែរ កុំឲ្យពួកគេសាងកំហុសជាលើកដី៣ តាមរយៈការដាក់ទណ្ឌកម្មនេះ ព្រោះពួកគេបានសាងកំហុសចំនួន២លើកមកហើយ គឺការគាំទ្ររដ្ឋប្រហារដោយយោធាទម្លាក់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយម និងការគាំទ្រអាសនៈខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ដោយមិនខ្វល់ពីទុក្ខវេទនា ការកាប់សម្លាប់ និងបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងទៅកាន់សហគមន៍អឺរ៉ុបយ៉ាងដូច្នេះ «ឥឡូវនេះកម្ពុជាអនុវត្តន៍ប្រជាធិបតេយ្យដ៏ខ្ជាប់ខ្ជួន និងកសាងប្រទេសមួយ ដែលកំពុងវិវឌ្ឍន៍ទៅមុខ ក៏មានការរួមចំណែកនៃការជួយរបស់អស់លោកអ្នក។ ប៉ុន្តែអស់លោកអ្នកក៏ត្រូវតែគិតថា តើគួររក្សាសមិទ្ធិផលអស់លោកអ្នក ដែលជួយកសាងមកនេះ ហើយបន្តជំរុញដំណើរការកែលំអរ សភាពការណ៍ ដើម្បីឲ្យសេដ្ឋកិច្ចកាន់តែល្អ។ លំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកាន់តែល្អប្រសើរ ឬក៏អ្នកឯងត្រូវសម្លាប់វាចោលត្រឹមហ្នឹង ត្រឹមកន្លែងហ្នឹង? ជ្រើសរើសទៅ»

ជាមួយការមិនចុះញ៉មចំពោះមុខ នៃការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុបហើយនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញពីការគិតគូរ និងដាក់ចេញផែនការសេដ្ឋកិច្ចមួយចំនួន ដើម្បីទប់ទល់ជាមួយគម្រោងដាក់ទណ្ឌកម្មរបស់សហគមន៍ដោយដក ប្រព័ន្ធអនុគ្រោះពន្ធទំនិញរបស់កម្ពុជា។ ផែនការនោះមានដូចជា ការប្រឹងប្រែងទាក់ទាញអ្នកទេសចរចិន ដើម្បីជំរុញការនាំចេញនៅនឹងកន្លែងលើផលិតផល កសិផលរបស់ខ្មែរ និងលើកកម្ពស់សេវាផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់មន្ត្រី ប្រឹងប្រែងធ្វើកំណែទម្រង់សេដ្ឋកិច្ច ប្រឹងប្រែងផ្តល់សេវាផ្សេងៗ ដើម្បីធានាដល់ដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា បើទោះបីសហគមន៍អឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មិនបានបង្ហាញការព្រួយបារម្ភនៅចំពោះមុខនៃការព្រមានដាក់ទណ្ឌកម្មរបស់អឺរ៉ុបនោះឡើយ ដ្បិតសម្តេចធ្លាប់ បានដឹកនាំប្រទេសដោយការហ៊ុព័ទ្ធសេដ្ឋកិច្ចយ៉ាងខ្លាំងពីប្រទេសលោកសេរី រហូតឈានមករកវឌ្ឍនភាពដូចពេលបច្ចុប្បន្ន៕ប្រភពពី freshnewsasia

ទស្សនាLink ខាងក្រោម៖

https://web.facebook.com/freshnewsasia/videos/394913301263957/

Leave a Reply

Your email address will not be published. Required fields are marked *