ទី​បំផុត​កម្ពុជា​រក​បាន​ជ័យជម្នះ​ក្នុង​ឆ្នាំ​២០១៨​តាមរយៈលត់ឡាវ ៣-១

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​រក​បាន​ជ័យជម្នះ​ហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ​ បន្ទាប់​ពី​លត់​ក្រុម​​ភ្ញៀវ​ឡាវ​ដោយ​លទ្ធផល ៣-១ ក្នុង​ព្រឹត្តិការណ៍​ AFF Suzuki Cup 2018 នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក រាជ​ធានី​ភ្នំពេញ។

វគ្គ​ទី​១ កម្ពុជា​ បាន​ទម្លាយ​​សំណាញ់​ទី​​របស់​ឡាវ​បាន​២​គ្រាប់​ដែល​គ្រាប់​ទី​១​ធ្វើ​បាន​សម្រេច​កីឡាករ​ឆ្នើម​ ចាន់ វឌ្ឍនាកា នៅ​នាទី​ទី​​១៨ បន្ទាប់​ពី​ដាក់សម្ពាធ​ខ្លាំង។ ក្រោយ​ពេល​រក​គ្រាប់​បាល់​នាំ​មុខ​ហើយ​ កម្ពុជា​នៅ​តែ​ព្យាយាម​វាយ​សម្រុក​ ខណៈ​ឡាវ​បាន​ត្រឹម​តែ​ការពារ​ និង​វាយ​បក​ប៉ុណ្ណោះ។ នៅ​នាទី​ទី​៣៥ កម្ពុជា​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​ដែល​ធ្វើ​បាន​សម្រេច​ដោយ​តារា​លេ៧​ ប្រាក់ មុន្នីឧត្តម។

ចំពោះ​ការ​ប្រកួត​វគ្គ​ទី​២កម្ពុជា​នៅ​តែ​បន្ត​វាយ​សម្រុក​និង​ដាក់​សម្ពាធ​ខ្លាំង ប៉ុន្តែ​ក្រុម​ភ្ញៀវ​ឡាវ​​​បាន​បំបែក​ពងមាន់​របស់ក្រុម​នៅ​នាទី​៧៥​ដើម្បី​តាម​ពី​ក្រោយ ២-១។ យ៉ាង​ណា​ត្រឹម​តែ​២​នាទី​បន្ទាប់​ កែវ សុខផេង ស៊ុត​បាន​សម្រេច​១​គ្រាប់​ដើម្បី​ជួយ​ឲ្យ​កម្ពុជា​​ទទួល​បាន​ជ័យជម្នះ​លើ​ឡាវ​ដោយ​លទ្ធផល ៣-១។

គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​នេះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​បាន​ប្រកួត​៦​លើក​ហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ​​ហើយ​នេះ​ជា​ជ័យជម្នះ​លើក​ដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​ជប៉ុន​ Keisuke Honda បន្ទាប់​ពី​ចាញ់​៤ និង​ស្មើ​១៕

Leave a Reply

Your email address will not be published. Required fields are marked *