សេចក្តីសម្រេច​ដក​មន្ត្រី​ប៉ូលិស​បម្រើ​ការ​នៅ​ទី​ស្នាក់​ការ​ផ្ដល់​លិខិត​ឆ្លង​ដែន ដែល​បដិសេធ​មិន​ទទួល​ប្រាក់​រៀល

ភ្នំពេញ៖ មន្ត្រី​ប៉ូលិស​ឋានន្តរសក្ដិ​វរសេនីយ៍ទោ គឺ​អ្នក​ស្រី គ្រី ណារី បម្រើ​ការ​នៅ​ទី​ស្នាក់​ការ​ផ្ដល់​លិខិត​ឆ្លង​ដែរ​សាខា​អ៊ីអន​ខណ្ឌ​សែនសុខ ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា​បដិសេធ​មិន​ទទួល​យក​ប្រាក់​រៀល​ខ្មែរ​ថ្លៃ​សេវា​ធ្វើ​លិខិត​ឆ្លង​ដែន​នោះ នៅ​ព្រលប់​នេះ មាន​ដំណឹង​ចេញ​មក​ថា ត្រូវ​ថ្នាក់​លើ​សម្រេច​ដក​ចេញ​ពី​កន្លែង​បម្រើ​ការ​នៅ​ទី​ស្នាក់​ការ​ផ្ដល់​ជូន​លិខិត​ឆ្លង​ដែន​សាខា​អ៊ីអន​ខណ្ឌ​សែនសុខ​ហើយ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម នៅ​ព្រលប់​នេះ បាន​​ឲ្យដឹង​ថា ក្រោយ​មាន​បាតុភាព​ដែល​លើក​ឡើង​ពី​ករណី​អ្នក​ស្រី គ្រី ណារី មន្ត្រី​ពាក់​ស័ក្ដិ​៤កន្លះ​ពី​បញ្ហា​បដិសេធ​មិន​ទទួល​យក​ប្រាក់​រៀល​ខ្មែរ​លើ​សេវា​ធ្វើ​លិខិត​ឆ្លង​ដែន ពី​ប្រជាពលរដ្ឋ​ឈ្មោះ សេង សុខរ៉េម នោះ ថ្នាក់​ដឹកនាំ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​កោះ​ប្រជុំ និង​ពិនិត្យ​លើ​ករណី​នេះ យ៉ាង​យក​ចិត្ត​ទុក​ដាក់។

ជា​លទ្ធផល ថ្នាក់​លើ​បាន​សម្រេច​ដក​អ្នក​ស្រី វរសេនីយ៍ទោ គ្រី ណារី ពី​កន្លែង​បម្រើ​ការ​នៅ​ទី​ស្នាក់​ការ​ផ្ដល់​ជូន​លិខិត​ឆ្លង​ដែន​សាខា​អ៊ីអន​ខណ្ឌ​សែនសុខ មក​កាន់​នាយកដ្ឋាន​លិខិត​ឆ្លង​ដែន​វិញ ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យនិង​ពិចារណា​អំពី​គោលការណ៍​វិន័យ​របស់​អង្គភាព​បន្ត៕

 

Leave a Reply

Your email address will not be published. Required fields are marked *