មិនយូរទេនឹងចូលរោងការជាមួយគ្នាហើយ ស្រាប់តែអនាគត់កូនកំលោះស្លាប់ គូដណ្តឹងយំឱបសព……….

ភ្នំពេញ ៖ បុរសម្នាក់ ជិតដល់ថ្ងៃចូលរោងការទៅហើយ ស្រាប់តែខ្យល់គរដួលបោកក្បាលសន្លប់បាត់មាត់បាត់ក លុះនារីជាគូដណ្តឹងដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ៣០៨ ផ្លូវ៥៣បេតេ ក្រុម១ ស្ថិតនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

សពបុរសគូដណ្តឹង មានឈ្មោះកាន សំអាត អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារា មានស្រុកកំណើតនៅភូមិលេង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកនារីគូដណ្តឹង មានឈ្មោះឯក ចាន់រស្មី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកអង្គការ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា។តាមសម្តីនារីជាគូដណ្តឹង បានរៀបរាប់ប្រាប់ថា ពួកនាងទាំង២នាក់ ត្រូវជាគូដណ្តឹងនឹងគ្នា និងត្រៀមចូលរោងការក្នុងពេលដ៏ខ្លីខាងមុខនេះទៅហើយ ស្រាប់តែអនាគតប្តីបែរជាមកជួបគ្រោះថ្នាក់បាត់បង់ជីវិតគួរឱ្យសង្វេគ បន្សល់ទុកឱ្យនាងត្រូវមេម៉ាយខាន់ស្លាបែបនេះតែម្តង។នារីជាគូដណ្តឹងជនរងគ្រោះ បន្តថា  នៅវេលាកើតហេតុ គូដណ្តឹងរបស់នាង បានក្រោកដើរចូលបន្ទប់ទឹកបានបន្តិច ស្រាប់តែលាន់ឮសំឡេងស្រែកឱ្យជួយ ទើបនាងប្រញាប់ស្ទុះចូលទៅមើល ស្រាប់តែប្រទះឃើញគូដណ្តឹងនាងដេកសន្លប់ឈឹងទៅហើយ ទើបនាងទូរស័ព្ទហៅមិត្តភក្តិឱ្យជួយហៅរថយន្តសង្គ្រោះ តែគិតថា យូរពេក ក៏បានហៅម៉ូតូកង់បីដឹកទៅដល់មន្ទីរពេទ្យរស្ស៊ី ស្រាប់តែគ្រូពេទ្យពិនិត្យ រួចក៏ប្រាប់ថា គូដណ្តឹងរបស់នាងបានដាច់ខ្យល់ស្លាប់បាត់ហើយ ស្តាប់ឮហើយ មិនអាចទទួលយកបាន និងប្តឹងសមត្ថកិច្ចនគរបាលខណ្ឌ មកត្រួតពិនិត្យសពគូដណ្តឹងរកមូលហេតុឱ្យច្បាស់លាស់។

ក្រោយកើតហេតុ សមត្ថកិច្ចផ្នែកបច្ចេកទេសកោសល្យវិច័យនគរបាលខណ្ឌមានជ័យ បានចុះមកពិនិត្យ តែមុនដំបូង ខាងគូដណ្តឹងស្នើឱ្យសមត្ថកិច្ចត្រួតពិនិត្យ ហើយក៏បានទាក់ទងទៅខាងការិយាល័យបច្ចេកទេសកោសល្យវិច័យ ស្នងការរាជធានីភ្នំពេញ ចុះមកសហការជាមួយអាជ្ញាធរមូលដ្ឋាន។ លុះដល់ព្រឹកឡើងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ក្រុមគ្រួសារបែរជាសុំមិនប្តឹងផ្តល់ និងមិនចាំបាច់ត្រួតពិនិត្យសពទេ ដោយគ្រាន់តែឱ្យសមត្ថកិច្ចដឹងឮជួយចេញលិខិតមរណភាពបានហើយ រួចក៏បានទូរស័ព្ទសុំយោបល់ខាងការិយាល័យបច្ចេកទេស ក៏ធ្វើតាមសំណូមពរ។

បើតាមត្រួតពិនិត្យសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ករណីគាំងបេះដូង ឬខ្យល់គរ ក្រោយមកទើបប្រគល់សពទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *