សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា!! អគ្គីភ័យលេបត្របាក់ឃ្លាំងផលិតកុងម៉ារបស់ជនជាតិវៀតណាម ត្រូវឆេះខូចខាតទ្រព្យសម្បត្តិប្រមាណ ៤០ម៉ឺនដុល្លារអាមេរិក…..

ភ្នំពេញ៖របាយការណ៍លម្អិតពីអាជ្ញាធរខណ្ឌច្បារអំពៅ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នេះ បង្ហាញថា អគ្គិភ័យមួយបានឆាបឆេះឃ្លាំងសិប្បកម្មផលិតកុងម៉ារបស់ជនជាតិវៀតណាមនិងផ្ទះជួលមួយខ្នង កាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះគ្មានលេខ ក្រុមទី៣ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ តាមផ្លូវចូលនាយកដ្ឋានលិខិតឆ្លងដែន ដែលខូចខាតទ្រព្យសម្បត្តិប្រមាណ ៤០ម៉ឺនដុល្លារអាមេរិក ។

ម្ចាស់ផ្ទះឈ្មោះ គីម ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរ បេីកសិប្បកម្មធ្វើកុងម៉ា ។

ខណៈម្ចាស់ផ្ទះមិននៅ អគ្គិភ័យបានឆាបឆេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ឆាបឆេះឃ្លាំងផលិតកុងម៉ាទាំងស្រុង គិតជាទឹកប្រាក់ប្រមាណ ៤០ម៉ឺនដុល្លារអាមេរិក និងរាលដាលឆេះផ្ទះជួលមួយខ្នងទៀត ។ ភ្លាមនោះ អាជ្ញាធរបានធ្វើការអន្តរាគមន៍បាញ់ពន្លត់ ដោយប្រេីប្រាស់ឡានទឹកចំនួន ២១គ្រឿង ។

ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានអង្គរក្សចំនួន ៥គ្រឿង , រថយន្តសាលាខណ្ឌច្បារអំពៅមួយគ្រឿង , រថយន្តស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៤គ្រឿង និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាមួយគ្រឿង ។

ករណីនេះ បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ដែលពេលនេះនៅពុំទាន់អាចសន្និដ្ឋានពីការខូចខាតបាននៅឡើយទេ គ្រាន់តែជាការប្រាប់របស់ម្ចាស់ផ្ទះតែប៉ុណ្ណោះថាអស់ប្រមាណ ៤០ម៉ឺនដុល្លារអាមេរិក ។

ក្នុងពេលកំពុងកេីតហេតុនោះ គេឃេីញវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងមន្ត្រីជាច្រើនរូបទៀត ចុះអន្តរាគមន៍ភ្លាមៗ ដោយសម្រួលចរាចរណ៍ដេីម្បីឱ្យឡានពន្លត់អគ្គិភ័យបាញ់ពន្លត់ ។

សូមចូលរួមទាំងអស់គ្នា ដោយប្រុងប្រយ័ត្នគ្រប់ពេលវេលា ចំពោះករណីគ្រោះអគ្គិភ័យពិសេសក្នុងពេលអាកាសធាតុក្ដៅខ្លាំងបែបនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *