សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចតាមចាប់មេខ្លោងគ្រឿងញៀននៅក្លឹបកម្សាន្ត Rock ហើយចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់………..

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចទាំងអស់តាមស្វែងរកមេខ្លោងគ្រឿងញៀន នៅក្លឹបកម្សាន្តរ៉ុក (Rock) ឱ្យឃើញ ហើយត្រូវចាត់វិធានការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។

នៅក្នុងពិធីនោះសម្តេចតេជោ ហ៊ុន សែន បានសម្តែងភាពរីករាយ ដែលសមត្ថកិច្ចបានបង្រ្កាបសំបុកគ្រឿងញៀនដ៏ធំមួយនៅក្នុង ក្លឹបកម្សាន្តរ៉ុក កាលពីខែមុន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឆ្លងកាត់អាកន្លែងចង្រៃមួយនោះ ដែលទើបនឹងរកឃើញថ្មីៗ អារ៉ុក (Rock)។ យើងក៏មានការភ្ញាក់ផ្អើលដែរ ហេតុអ្វីក៏តំបន់មួយនេះទៅជាកន្លែងបំផ្លាញដល់សេចក្តីសុខរបស់ប្រជាជន ខ្ញុំពិតជាមានការរីករាយណាស់ ដែលនគរបាលរបស់យើងបានបង្រ្កាបទាន់ពេលវេលា គួរតែបង្រ្កាបឱ្យបានមុនហ្នឹងទៅទៀត ប៉ុន្តែយើងទើបតែបង្ក្រាបបាន ជិតក្បែរសាលាបែរជាមានកន្លែងគ្រឿងញៀនមិនតូចនៅកន្លែងនេះ។

សម្តេចបានបន្តថា «ដូច្នេះសង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងបន្តចាត់វិធានការ លើបញ្ហានេះបូកជាមួយការដំណើរការក្តីរបស់តុលាការ ត្រូវតែម៉ឺងម៉ាត់ ជាមួយនឹងការមិនវិលត្រឡប់ នៃអំពើពាលាអាវ៉ាសែ សម្រាប់កន្លែងមួយនេះ ដែលត្រូវដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរ ហើយស្វែងរកឱ្យដល់ទីជម្រៅ នូវមេខ្លោងរបស់វានៅកន្លែងណា មិនមែនរករឿងកម្មករតូចតាចទេ ប៉ុន្តែរឿងវាជ្រៅទៅពីនេះ អញ្ចឹងត្រូវរកឱ្យឃើញ ព្រោះអ្វីដែលមាននៅក្នុងដៃរួចទៅហើយ គឺជាមធ្យោបាយដើម្បីឈានទៅរកការជីករឹសគល់ នៃអ្នកជួញគ្រឿង ក៏ដូចជាអ្នកដែលពាក់ព័ន្ធក្នុងសំណុំរឿងមួយនេះ»។

សូមបញ្ជាក់ថា កាល​ពីថ្ងៃទី​២៣ ​ខែកុម្ភៈ ​ឆ្នាំ ​២០១៩​ ​​​​​​​កម្លាំងសមត្ថកិច្ចនៃស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ​បានបើក​ប្រតិ​បត្តិ​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក់​ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហា​វិថី​ព្រះ​មុនី​វង្ស ​សង្កាត់​ទន្លេ​បា​សា​ក់ ខណ្ឌ​ចំការ​មន ​រាជ​ធានី​ភ្នំ​ពេញ​ដោយ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ៣១១​ នាក់​ ដែល​ក្នុង​នោះ​មាន​ជន​ជាតិ​ចិន​ ១៤​នាក់ ហើយ​ដកហូត​បាន​គ្រឿង​ញៀន​ជាង​ ៣៩​ គីឡូ​ក្រាម​ និង​សារធាតុ​ញៀន​ជា​ទឹក៩​គីឡូ​ ២ ​ខាំ ​ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន​១២ និង​កាំ​ភ្លើង​ខ្លី ​១ដើម។

កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ២០១៩ កន្លងទៅសមត្ថកិច្ចបានសម្រេច​បញ្ជូន​ខ្លួន​ជនសង្ស័យ ចំនួន១៧រូប នៃ​ករណី​បង្ក្រាប​គ្រឿងញៀន ទ្រង់ទ្រាយ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ (Rock) ទៅ​តុលាការ ក្រោយពី​ធ្វើ​កោសល្យ​វិច័យ​ទឹកនោម និង​បាន​ប្រមូល​វត្ថុតាង​គ្រប់គ្រាន់។ ជនសង្ស័យ​ទាំង​ទាំង១៧នាក់​នោះ មាន​ស្ត្រី​ម្នាក់​ផង ភាគច្រើន​ជា​យុវជន និង​យុវតី មាន​អាយុ​ចាប់ពី ១៩ ដល់ ២១​ឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *