ស្ត្រី​ម្នាក់​បានដឹក​គោទៅ​ចង​ …​ស្រាប់តែ​ស្រឡាំងកាំង​ផ្អើល​ពេញ​ភូមិដោយសារប្រទះឃើញសពបុរសម្នាក់ដេកស្លាប់……

រាជធានី​ភ្នំពេញ ៖ បុរស​ពោះម៉ាយ​ម្នាក់​បាន​ផឹកស្រា​ស្រវឹង​ធ្លាក់​ភ្នែក ហើយ​គាត់​មិន​បាន​ចូល​ដេក​ទេ បាន​ដើរ​រក​ត្រី​ទាំង​យប់​អធ្រាត្រ​តែ​ម្នាក់ឯង បន្ទាប់​មក​ក៏​បាន​ដួល​ផ្កាប់មុខ​ចូល​ទៅ​ក្នុង​ទឹក​ត្រពាំង​មួយ​កន្លែង បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធម៌ ។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ត្រពាំង​ទឹក ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​តា​ជេ​ត សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ យ៉ែ​ម រី អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ និង​នេសាទ​ត្រី មានស្រុក​កំណើត​ភូមិ​ព្រៃ​រមាស​ទី​១ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​បឹង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ គាត់ គឺជា​បុរស​ពោះម៉ាយ​ដែល​ធ្លាប់​មាន ប្រពន្ធ​២​នាក់ រួច​មក​ហើយ គឺ​ប្រពន្ធ​ទី​១ មានកូន​២​នាក់ ប្រុស​ម្នាក់ និង​កូនស្រី​ម្នាក់ ប៉ុន្តែ​បាន​លែងលះ​គ្នា ។ បន្ទាប់​មក​គាត់​បាន​យកប្រពន្ធ​ទី​២​ម្នាក់​ទៀត និង​មានកូន​ស្រី​ម្នាក់ តែ​ក្ដី​ស្នេហ៍​លើក​ទី​២​នេះ​ក៏​មិន​ទទួល​បាន​សុភមង្គល​ឡើយ និង​បាន​លែង​គ្នា​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ ។

ស្ត្រីម្នាក់​ប្រទះ​ឃើញ​សព​បុរស​នោះ​បាន​និយាយ​ថា គាត់​មានឈ្មោះ ម៉ូ​វ កំសត់ អាយុ​៥២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ត្មាត​ពង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នៅ​មុន​ពេល​មានការ​ការ​ភ្ញាក់ផ្អើល​គាត់​បាន​ដឹកគោ​យក​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​មាត់​ត្រពាំង​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​នោះ ស្លាប់​ផ្កាប់មុខ​នៅ​ក្នុង​ទឹក​ត្រពាំង ។ ខណៈនោះ​គាត់​មាន​ភាព​ស្រឡាំងកាំង​យ៉ាង​ខ្លាំង ទើបរ​ត់ទៅ​ប្រាប់​អ្នក​ភូមិ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​អ្នក​ភូមិ​បាន​នាំ​គ្នា​ទៅ​ចោមរោម​មើល​គ្រប់​ៗ​គ្នា​ព្រមទាំង​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​បឹង​ធំ​ឲ្យ​ទៅ​ពិនិត្យ​មើល​ភ្លាម​ៗ​ដែរ ។

អ្នក​ភូមិ​បាន​និយាយ​ថា ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​សព​បុរស​ខាងលើ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​កម្លាំង​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​ទើប​ក្រោយមក​ក្រុម​គ្រួសារ​បានដឹង និង​បាន​ទៅ​ទទួលយក​សព ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​នគរបាល​បច្ចេកទេស​ពិនិត្យ​កោសល្យ​វិ​ច្ច័​យស​ពរួច និង​បញ្ជាក់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ស្រវឹងស្រា និង​ខ្យល់គ​ដួល​ចូល​ទឹក​ឈ្លក់​រហូត​ដល់​ស្លាប់ ។

ដោយឡែក​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​លែងលះ​ប្រពន្ធ​ទាំង​២​រួច បុរស​នេះ​បាន​ស្នាក់​នៅផ្ទះ​ជួល ហើយ​គាត់​បាន​ចាប់​យកមុខ​របរ​ដើរ​រក​នេសាទ​ត្រី​ទាំងថ្ងៃទាំងយប់ ដើម្បី​លក់​រក​លុយ​ចិញ្ចឹមជីវិត ។ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែកុម្ភៈ មុន​កើតហេតុ​ការណ៍​ភ្ញាក់ផ្អើល​ខាងលើ ជន​រង​គ្រោះ​បាន​ផឹកស៊ី​ជួបជុំ​គ្នា​ជាមួយ​អ្នក​ភូមិ​រហូត​ដល់​ស្រវឹង​ទើប​ចែកផ្លូវ​គ្នា ហើយ​គាត់​មិន​បាន​ដេក​ពួន​នោះ​ទេ បាន​ចេញ​ទៅ​រក​ចាប់​ត្រី​រួច​ក៏​បាត់​ខ្លួន​ពេញ​១​យប់ លុះដល់​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ស្រាប់តែ​ប្រទះ​ឃើញ​ស្លាប់​បែប​នេះ​បាត់​ទៅ​ហើយ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *